(បន្ទាយមានជ័យ) ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈខេត្តបន្ទាយមានជ័យ នាព្រឹថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំង ១៣ឃុំ ប្រមាណជាង ១០០០នាក់ នៅបរិវេណផ្សារបូរីជ័យ២ (ហៅផ្សារចំការតាដោក) ស្ថិតនៅក្នុងឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យដើម្បីធ្វើការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍( CLV-DTA) ។
លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានឡើងរាយការណ៍ដឹងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកកោណដំណាក់កាលទី ១ ធ្វើឲ្យប្រទេសកម្ពុជាបន្តបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនឈានឡើងលើគ្រប់វិស័យ។ក្នុងនោះដែរស្រុកមង្គលបូរីការងារសន្តិសុខ សណ្ដាប់ធ្នាប់ គឺមានលក្ខណៈល្អប្រសើរ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្នុងការជំរុញនូវការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព មានការថយចុះ និងបង្ក្រាបបានទាន់ពេលវេលា។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការកោតសរសើរដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី ដែលបានចូលរួមគាំទ្រនៅគម្រោង សហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ( CLV DTA) របស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖ គម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ មាន កម្ពុជា ឡាវ និងវៀតណាម ( CLV DTA) បានធ្វើឲ្យជួយកាត់បន្ថយការជួញដូរមនុស្ស កាត់បន្ថយការជួញដូរគ្រឿងញៀន និងប្រែក្លាយធ្វើឲ្យប្រទេសទាំងបី មានសេដ្ឋកិច្ចរីកចម្រើនជាងពេលមុនៗ ហើយគម្រោងនេះនឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើនដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើង។
ជាមួយគ្នានោះឯកឧត្តម អ៊ុំ រាត្រី បានធ្វើការផ្ដាំផ្ញើដល់មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនៅពេលនេះ សូមបន្តផ្សព្វផ្សាយទៅតាមមូលដ្ឋាន ឲ្យបានទូលំទូលាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍( CLV DTA) និងកុំជឿតាមការញុះញង់បង្កចលាចលបំផ្លាញនូវសមិទ្ធផលនិងបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សូមបញ្ជាក់ផងដែរថា៖ ចំពោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា–ឡាវ–វៀតណាម (CLV-DTA) ដែលបានផ្តួចផ្តើមដោយ សម្តេចតេជោ ដើម្បីផលប្រយោជន៍នៃសន្តិភាព ការអភិវឌ្ឍ និងសេដ្ឋកិច្ចសង្គម សម្រាប់ប្រជាជនយើង ជាពិសេសប្រជាជនរស់នៅខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី៕